Advance Technology for Hemodialysis Treatment (Online-Hemodiafilltration)

Advance Technology for Hemodialysis Treatment (Online-Hemodiafilltration)

Advance Technology  for Hemodialysis Treatment (Online-Hemodiafilltration)

Share

បញ្ហាជំងឺខ្សោយតម្រងនោម ត្រូវបានវេជ្ជបណ្ឌិតជំនាញមើលឃើញថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។ ហើយជំងឺនេះ ​វិវត្តន៍ខ្លួនទៅកាន់ដំណាក់កាលធ្ងន់ធ្ងរនៅពេលដែលកើតឡើងចំពោះអ្នកជំងឺ ហើយ​មិនបានពិនិត្យសុខភាពបានទាន់ពេល រហូតដល់ដំណាក់កាល​ធ្ងន់ធ្ងរ។​

សម្រាប់អ្នកជំងឺខ្សោយតម្រងនោមដែលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ តម្រូវឱ្យមានការលាងឈាមជាប្រចាំ ហើយត្រូវធ្វើឡើងពេញមួយជីវិតតែម្តង។ ដោយមើលឃើញ​បញ្ហាសុខភាពដ៏សំខាន់នេះ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បាន​នាំនូវម៉ាស៊ីនបច្ចេកវិទ្យាទំនើបមានឈ្មោះថា online-Hemodiafilltration ដែលជាម៉ាស៊ីនអាចលាងឈាមអ្នកជំងឺបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងមិនបង្កផលលំបាកខ្លាំងក្រោយពេលលាងឈាមរួច។

ពាក់ព័ន្ធជំងឺខ្សោយតម្រងនោមនេះ វេជ្ជបណ្ឌិតយីងជា វ៉ាង ជំនាញផ្នែកជំងឺទូទៅ និងជំងឺតម្រងនោម ប្រចាំមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ថា ជំងឺខ្សោយតម្រងនោមជាទូទៅមានពីរប្រភេទ៖ មានជំងឺខ្សោយតម្រងនោមស្រួចស្រាវ និងជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ ចំពោះជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ មាន៥ដំណាក់កាល ហើយបើឈានដល់ស្ថានការណ៍នេះហើយ យើងមិនអាចកែតម្រូវ ឬព្យាបាលឱ្យត្រឡប់មកល្អដូចដើមបាននោះទេ។

វេជ្ជបណ្ឌិតយីងជា វ៉ាង បានបន្តថា សម្រាប់ការព្យាបាលជំងឺខ្សោយតម្រងនោមមាន៣វិធីសាស្ត្រ៖ ការលាងច្រោះជាតិពុលតាមស្រទាប់ពោះ ការលាងច្រោះជាតិពុលតាមម៉ាស៊ីនលាងឈាម និង​ការវះកាត់​ផ្លាស់ប្តូរតម្រងនោម។

អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ទាមទារឱ្យមានការលាងឈាមជាប្រចាំ ហើយការព្យាបាលតាមរយៈការលាងឈាមប្រើប្រាស់ម៉ាស៊ីន មានការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាទំនើបៗ ធ្វើឱ្យការព្យាបាលកាន់តែ​មានប្រសិទ្ធភាពជាងមុន។ ហើយការប្រើប្រាស់ម៉ាស៊ីន online-Hemodiafilltration បាននឹងកំពុងពេញនិយមប្រើប្រាស់នៅបណ្តាប្រទេសបែកអឺរ៉ុប ព្រោះវាមានតួនាទីកំចាត់ជាតិពុលខ្នាតតូច និងជាតិពុលម៉ូលេគុល​ខ្នាតធំក្នុងរាងកាយដែលម៉ាស៊ីនធម្មតាគ្មានសមត្ថភាពអាចធ្វើបាន។

ចំណុចពិសេសមួយទៀតនោះ ការលាងឈាមដោយម៉ាស៊ីនខាងលើ គឺបានប្រើប្រាស់ប្រព័ន្ធទឹកមានភាពបរិសុទ្ធកម្រិតខ្ពស់បំផុត ធ្វើឱ្យអ្នកជំងឺមានគុណភាពជីវិតល្អជាងមុន កាត់បន្ថយការរលាកនិងរម៉ាស់ក្នុងខ្លួន កាត់បន្ថយហានិភ័យ​ស្លាប់ដោយជំងឺបេះដូង និងសរសៃឈាម កាត់បន្ថយភាពស្លេកស្លាំង បង្កើនចំណង់អាហារ។

វេជ្ជបណ្ឌិតជំនាញតម្រងនោមរូបនេះ បានមានប្រសាសន៍ថា សម្រាប់អ្នកជំងឺដែលត្រូវប្រើប្រាស់ការលាងឈាម​ដោយម៉ាស៊ីនខាងលើនេះ ចំពោះអ្នកជំងឺមានអាការ​ចន្តរឈាមមិននឹងន អាការស្លេកស្លាំង និងមានការរលាកក្នុងខ្លួនច្រើន។

ជាចុងក្រោយវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានបញ្ជាក់ថា មូលហេតុនាំឱ្យកើតជំងឺ​តម្រងនោមរ៉ាំរ៉ៃភាគច្រើន កើតឡើងចំពោះអ្នកមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងអ្នកជំងឺដែលប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើន ហើយសម្រាប់វ័យកើតវិញ អាចចាប់ពីពេញវ័យរហូតដល់ចាស់តែម្តង។ ដើម្បីការពារសុខភាពតម្រងនោមឱ្យបានល្អ ត្រូវតាមដានសុខភាពប្រចាំឆ្នាំ តាមដានទឹកនោម ពិនិត្យតួនាទីតម្រងនោម និងសម្ពាធឈាមផងដែរ៕