ជំងឺមហារីកប្លោកនោមអាចកើតឡើងចំពោះមនុស្សទូទៅ ហើយអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរ និងឈានដល់ការបាត់បង់ជីវិតផងដែរ។ វេជ្ជបណ្ឌិតបានចាត់ទុកជំងឺនេះ ជាជំងឺកាចសាហាវមួយដែលអាចសម្លាប់ជីវិតមនុស្សក្នុងរយៈពេលខ្លីបាន បើយើងមិនបានថែទាំសុខភាព និងពិនិត្យសុខភាពឱ្យបានទៀងទាត់។
មើលឃើញជំងឺនេះ ជាបញ្ហាចម្បងផ្នែកសុខភាព ក្រុមការងារ Healthy Cambodia បានធ្វើការសម្ភាសផ្ទាល់ជាមួយវេជ្ជបណ្ឌិតសៅ រ៉ាវី ឯកទេសប្រព័ន្ធទឹកនោម និងសុខភាពបុរសប្រចាំមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។
លោកវេជ្ជបណ្ឌិតសៅ រ៉ាវី បានមានប្រសាសន៍ថា «ជំងឺប្លោកនោម ជាជំងឺមួយដែលគ្រោះថ្នាក់ខ្លាំង វាទាមទារឱ្យព្យាបាលទាន់ពេលវេលា និងប្រើប្រាស់នូវបច្ចេកវិទ្យា ជាមួយនឹងគ្រូពេទ្យមានជំនាញឯកទេសកម្រិតខ្ពស់។ សម្រាប់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានបំពាក់នូវឧបករណ៍ព្យាបាលទំនើប អាចធ្វើឱ្យការព្យាបាលសម្រាប់អ្នកជំងឺកម្រិតដំបូងៗបាន»។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា សម្រាប់កត្តាបង្កកើតជំងឺមហារីកប្លោកនោមមានការជក់បារីក ឬស្រូបក្លិនបារីច្រើន។ មនុស្សកើតមហារីកផ្លោកនោម គឺប្រហែលជា៥០ភាគរយមានប្រវត្តិជក់បារី។ ដូចដែលអ្នកដឹងហើយថា ការជក់បារីបានបន្ថែមអត្ថិភាពដល់ទៅ ៦០០ភាគរយដែលនាំឱ្យកើតជំងឺមហារីកនេះបើធ្វើការធៀបជាមួយមនុស្សមិនជក់បារី។ ហានិភ័យនៃការកើតជំងឺមហារីកទាក់ទងទៅនិងការជក់បារីក គឺផ្តោតទៅលើកត្តាពីរនៃការជក់៖ ទី១គឺអំឡុងពេលជក់បារីយូរ ហើយទី២គឺកម្រិតការជក់ច្រើនក្នុងមួយថ្ងៃជាដើម។
បន្ថែមពីលើនេះ អាចកើតជំងឺនេះ ដោយសារ «ការប្រឈមនឹងសារធាតុគីមីផ្ទាល់» មានអ្នកជំងឺប្រហែល ១០-២០%ដែលប្រឈមទៅនឹងហានិភ័យនៃការកើតជំងឺមហារីក។ នៅពេលដែលការងារប្រចាំរបស់អ្នកបានប៉ះផ្ទាល់ជាមួយនឹងសារធាតុគីមី ដែលអ្នកស្រូបចូលទៅតាមផ្លូវដង្ហើម ដូចជាអ្នកធ្វើការនៅក្នុងរោងចក្រផលិតថ្នាំពណ៌,កៅស៊ូក្រែប,ប្រេងឥន្ធនៈជាដើម។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅពេលនរណាម្នាក់ទទួលរងអាការនោមចេញមកមានឈាម ខ្ញុំសូមណែនាំឱ្យលោកអ្នកប្រញ៉ាប់ស្វែងរកគ្រូពេទ្យជំនាញដើម្បីពិភាក្សាជាបន្ទាន់។ នៅក្នុងស្ថានភាពបែបនេះគ្រូវពេទ្យជំនាញផ្នែកប្រព័ន្ធទឹកនោមមានតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហារបស់លោកអ្នក។ នៅពេលលោកអ្នកចូលទៅដល់បន្ទប់ពិភាក្សាជំងឺ គ្រូពេទ្យនឹងសួរប្រវត្តិជំងឺបូកផ្សំនឹងអាការជំងឺយ៉ាងក្បោះក្បាយ ហើយអាចមានការធ្វើការវិភាគមួយចំនួនផងដែរ។ លើសពីនេះទៅទៀតគ្រូពេទ្យអាចស្នើរសុំយកទឹកនោមរបស់អ្នកទៅទៅពិនិត្យបន្ថែម។
បច្ចុប្បន្ននេះម៉ាស៊ីនវះកាត់ប្រភេទ អិនដូស្កូប (Endoscopic surgery) វាពិតជាអស្ចារ្យក្នុងការប្រើប្រាស់ដើម្បីវះកាត់ជំងឺមហារីកផ្លោកនោម។ ម៉ាស៊ីននេះត្រូវបានប្រើទាំងពីរមធ្យោបាយ ទី១ប្រើសម្រាប់ការព្យាបាលនិងទី២ប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យ។
ដោយឡែកប្រសិនបើជាដុំសាច់វិញ (Tumor)! ដូចដែលអ្នកដឹងស្រាប់ហើយថា បើវានោះជាដុំសាច់គឺមានន័យថា វាប្រហែលអាចជាដំណាក់កាលនៃការរីករាលដាលនៃជំងឺមហារីកក៏ថាបាន ដូច្នេះប្រសិនបើវាជាមហារីកដែលស្ថិតក្នុងដំណាក់កាលរីករាលដាលហើយនោះ និតិវិធីអន្តរាគមន៍របស់ពេទ្យគឺមិនតម្រូវឱ្យមានការវះកាត់ប៉ះពាល់វាឡើយ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតឯកទេសរូបនេះ បានផ្តល់អនុសាសន៍ថា ក្នុងករណីលោកអ្នកមានអាការសញ្ញាដូចដែលរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់ស្វះស្វែររកកិច្ចអន្តរាគមន៍ពីគ្រូពេទ្យជំនាញជាបន្ទាន់។ ចូរចងចាំថា ការពារគឺប្រសើរជាងព្យាបាល ហើយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្វាគមន៍លោកអ្នកយ៉ាងកក់ក្តៅ៕