វេជ្ជបណ្ឌិតហុក តុលា៖ វិធីជួយសង្គ្រោះជីវិត បើមានអ្នកកើតជំងឺស្ត្រូក(Stroke)ភ្លាមៗ
ជំងឺស្ត្រូក ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានអត្រាកើតឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ហើយវាបង្កហានិភ័យគ្រោះ ថ្នាក់ខ្ពស់ដល់ពិការភាព និងអាយុជីវិត។ ដោយសារតែរបៀបរបបរស់នៅ ការញុំាអាហារមិនត្រឹមត្រូវ គ្មានទម្លាប់ហាត់ប្រាណ វាបានក្លាយជាកត្តាចម្បងមួយដែលងាយនឹងកើតជំងឺនេះ និងជំងឺផ្សេងៗទៀត។
បើជួបប្រទះករណីជំងឺស្ត្រូកកើតឡើងភ្លាមៗ តាមការណែនាំរបស់វេជ្ជបណ្ឌិតហុក តុលា ឯកទេសប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ (Royal Phnom Penh Hospital) បានថ្លែងប្រាប់ Healthy Cambodia ថា ចំណុចសំខាន់អ្នកនៅក្បែរ សមាជិកគ្រួសារ ឬអ្នកជំងឺខ្លួនឯងផ្ទាល់ ត្រូវកត់សម្គាល់ឱ្យបានច្បាស់ពីអាការជំងឺស្ត្រូក ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ចំពោះរោគសញ្ញាអាចកត់សម្គាល់បានដែលហៅកាត់ជាភាសាអង់គ្លេសពាក្យថា FAST។ Face សំដៅលើមុខអ្នកជំងឺ ពេលដែលគាត់និយាយផ្ទៃមុខគាត់ធ្លាក់មួយចំហៀងមិនស្មើដូចធម្មតា។ ARM សំដៅលើដៃអ្នកជំងឺខ្សោយមួយចំហៀងមិនអាចលើកបាន។ SPEAK សំដៅលើការនិយាយស្តីមិនធម្មតា និយាយមិនចេញ រកនឹកពាក្យ ឬនិយាយត្រដិត ហើយពាក្យចុងក្រោយគឺសំដៅលើ TIME ពេលវេលាជួយសង្គ្រោះអ្នកជំងឺ បើជួយយឺតយ៉ាវនឹងធ្វើឱ្យកោសិកាខួរក្បាលស្លាប់ច្រើន ឬប្រឈមហានិភ័យខ្លាំង។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើមានករណីរោគសញ្ញាដូចខាងលើ កុំបង្អង់យូរឱ្យសោះ ត្រូវទាក់ទងទៅកាន់មន្ទីរពេទ្យ ដើម្បីនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យឯកទេសណាមួយដែលនៅជិតបំផុត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញធ្វើការជួយសង្គ្រោះជីវិតអ្នកជំងឺបានទាន់ពេល។
បន្ថែមពីលើនេះ ត្រូវផ្តល់ព័ត៌មានលម្អិតអំពីពេលវេលានៃការកើតជំងឺនេះដល់ក្រុមគ្រូពេទ្យជំនាញ ដើម្បីឱ្យធ្វើការវិនិច្ឆ័យក្នុងការប្រើប្រាស់វិធីព្យាបាល គួរប្រើប្រាស់ថ្នាំ ឬវិធីវះកាត់។ ហើយចៀសវាងបំផុត កុំទុកអ្នកជំងឺហើយរងចាំភាពធូរស្រាលឱ្យសោះ ព្រោះបើព្យាបាលយឺតពេល អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរធ្លាក់ខ្លួនពិការភាព ឬឈានដល់គ្រោះថ្នាក់ដល់អាយុជីវិតតែម្តង។
សម្រាប់មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មានក្រុមគ្រូពេទ្យជំនាញស្ត្រូកប្រចាំការស្រាប់ នៅពេលដែលគ្រួសារអ្នកជំងឺទាក់ទងមក នឹងចុះទៅភ្លាមៗតែម្តង ហើយត្រៀមទាំងឧបករណ៍ជួយសង្គ្រោះ និងគ្រូពេទ្យជំនាញទៅជាមួយ ហើយនៅខាងមន្ទីរត្រៀមរៀបចំកន្លែងទទួលព្យាបាលជំងឺរួចជាស្រេចតែម្តង ដូច្នេះឱ្យតែគ្រួសារអ្នកជំងឺទាក់ទងមកលឿន ភាគរយជួយសង្គ្រោះជីវិតមានទៅតាមនោះដែរ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា យើងមានរយៈពេលសម្រាប់ជួយសង្គ្រោះអ្នកជំងឺដែលយើងហៅថា golden hour រយៈពេលមួយម៉ោងសម្រាប់ព្យាបាលអ្នកជំងឺចាប់តាំងពីអ្នកជំងឺមកដល់មាត់ទ្វារមន្ទីរពេទ្យ ដំណាក់កាលធ្វើរោគវិនិច្ឆ័យ ស្គែន រហូតទទួលបានថ្នាំចាក់រំលាយឈាម។
ផ្ទុយមកវិញ បើព្យាបាលមិនទាន់ពេលនោះទេ វាមានហានិភ័យខ្ពស់ ព្រោះបណ្តាឱ្យកោសិកាខួរក្បាលស្លាប់ច្រើន ដូច្នេះហើយបានជាពេទ្យមិនឱ្យរងចាំយូរ។ ព្រោះចាប់តាំងពីមានរោគសញ្ញាអំឡុង៤ម៉ោងកន្លះ ក្រុមគ្រូពេទ្យអាចព្យាបាលអ្នកជំងឺ ដោយប្រើថ្នាំរំលាយគ្រាប់ឈាម ហើយសរសៃឈាមនឹងបើកដំណើរការឡើងវិញ ធ្វើឱ្យចរន្តឈាមដើរ និងមានអុកហ្ស៊ីសែនទៅចិញ្ចឹមខួរក្បាលឡើងវិញ ហើយអាចចៀសវាងពិការភាព និងគ្រោះថ្នាក់ដល់អាយុជីវិត។
សម្រាប់ការព្យាបាលវិញ ចំពោះជំងឺស្ទះសរសៃឈាមខួរក្បាល អំឡុងពេល៤ម៉ោងកន្លះ ក្រោយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ យើងអាចប្រើប្រាស់ថ្នាំដើម្បរំលាយគ្រាប់ឈាមដែលកកនេះបាន ហើយវាមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះយើងមានពេល១៦ម៉ោង ទៅ២៤ម៉ោងសម្រាប់ព្យាបាលអ្នកជំងឺដែលបញ្ចូនមកយឺតពេល ក្នុងករណីស្ទះសរសៃឈាមធំ គ្រូពេទ្យនឹងធ្វើការពិនិត្យ ហើយបើកោសិកាខួរក្បាលមិនទាន់ខូចខាតច្រើននោះទេ គ្រូពេទ្យនឹងធ្វើការលូកតាមសរសៃឈាមពីក្រលៀនទៅដល់ខួរក្បាលដើម្បីចាប់យកកំណក់ឈាមចេញមកក្រៅ។
ចំណែកជំងឺដាច់សរសៃឈាមវិញ ការព្យាបាលខុសគ្នា ដោយវិធីទប់សម្ពាធឈាមកុំឱ្យឡើងខ្លាំង និងហូរឈាមតទៅទៀត ហើយបើវាធំពេក នឹងធ្វើការវះកាត់យកដុំឈាមនេះចេញតែម្តង។
ជាចុងក្រោយ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ទោះបីអ្នកជំងឺធ្លាក់ខ្លួនឈឺហួសពេលដូចរៀបរាប់ខាងលើក្តី អ្នកជំងឺត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់ដើម្បី វាយតម្លៃពីភាពធ្ងន់ធ្ងរនៃជំងឺ ព្យាបាលផលវិបាក រុករកមូលហេតុនៃជំងឺស្ត្រូក និងព្យាបាលកត្តាប្រឈម ដើម្បីការពារគ្រោះថ្នាក់សរសៃឈាមលើកទី២។ ក្រោយពីព្យាបាលជាសះស្បើយហើយ ដើម្បីការពារកុំឱ្យកើតមានករណីគ្រោះថ្នាក់សរសៃឈាមលើកទី២ យើងអាចប្រើប្រាស់ថ្នាំពង្រាវគ្រាប់ឈាមបាន៕