វេជ្ជបណ្ឌិតហុក តុលា៖ ប្រាប់វិធីការពារជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក
អត្រាកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានការកើនឡើងរៀងរាល់ឆ្នាំ។ ហើយអត្រាកើតជំងឺនេះ មានលើមនុស្សពេញវ័យ២០ប្លាយឡើងទៅ។ ហើយវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់អាយុជីវិត បើមានការធ្វេសប្រហែល មិនបានការពារ ឬធ្វើការព្យាបាលទាន់ពេលវេលាទេនោះ។
ជុំវិញបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ហុក តុលា ឯកទេសប្រព័ន្ធប្រសាទនៃមន្ទីរពេទ្ររ៉ូយ៉ាល់ ភ្នំពេញ (Royal Phnom Penh Hospital)បានថ្លែងប្រាប់ Healthy Cambodia ថា ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬគេនិយមហៅថាស្ត្រូកនេះ ចែកចេញជា២ប្រភេទ មាន៖ជំងឹស្ទះសរសៃឈាមខួរក្បាល និងដាច់សរសៃឈាមខួរក្បាល។
សម្រាប់កត្តាបង្កនាំឱ្យកើតជំងឺនេះឡើង ដោយសារអ្នកជំងឺមានជំងឺលើសឈាម, ជំងឺទឹកនោមផ្អែម, ជំងឺលើសជាតិខ្លាញ់, ជំងឺបេះដូង ជំងឺចង្វាក់បេះដូង អ្នកពិសារបារី អ្នកធាត់ និងអ្នកមិនសូវធ្វើលំហាត់ប្រាណហើយញុំាច្រើន។
លោកស្រីវេជ្ជបណ្ឌិតហុក តុលា បានបន្តថា រោគសញ្ញាសំខាន់ៗដែលយើងអាចកត់សម្គាល់ថា បុគ្គលម្នាក់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានពាក្យសម្គាល់ជាភាសាអង់គ្លេស FAST។ Face សំដៅលើមុខអ្នកជំងឺ ពេលដែលគាត់និយាយផ្ទៃមុខគាត់ធ្លាក់មួយចំហៀងមិនស្មើដូចធម្មតា។ ARM សំដៅលើដៃអ្នកជំងឺខ្សោយមួយចំហៀងមិនអាចលើកបាន។ SPEAK សំដៅលើការនិយាយស្តីមិនធម្មតា និយាយមិនចេញ រកនឹកពាក្យ ឬនិយាយត្រដិត ហើយពាក្យចុងក្រោយគឺសំដៅលើ TIME ពេលវេលាជួយសង្គ្រោះអ្នកជំងឺ បើជួយយឺតយ៉ាវនឹងធ្វើឱ្យកោសិកាខួរក្បាលស្លាប់ច្រើន ឬប្រឈមហានិភ័យខ្លាំង។
បន្ថែមពីលើនេះ រោគសញ្ញាដែលអាចកត់សម្គាល់បាន អ្នកជំងឺឈឺក្បាលខ្លាំងភ្លាមៗខុសធម្មតា មានស្ពឹកផ្នែកណាមួយនៃរាងកាយ ឬងងឹតភ្នែកម្ខាង ឬទាំង២តែម្តង និងមិនមានលំនឹងពេលដើរ ឬឈរជាដើម។
ដើម្បីការពារខ្លួន និងបង្ការជំងឺស្ត្រូកនេះ លោកស្រីវេជ្ជបណ្ឌិតណែនាំឱ្យ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ដើម្បីឱ្យដឹងច្បាស់ថា យើងមានសុខភាពល្អ ឬកំពុងស្ថិតនៅដំណាក់កាលប្រឈមកើតជំងឺនេះ។ ព្រោះមានតែការពិនិត្យសុខភាពតែប៉ុណ្ណោះ ដែលអាចដឹងច្បាស់។
ការញុំាអាហារត្រឹមត្រូវ ហាត់ប្រាណជាប្រចាំ និងការពិនិត្យសុខភាពទៀងទាត់ មិនត្រឹមតែការពារជំងឺស្ត្រូកនោះទេ វាជួយការពារជំងឺផ្សេងៗទៀងផងដែរ។ សម្រាប់របបអាហារអ្នកដែលមានជំងឺលើសឈាមវិញលោកស្រីវេជ្ជបណ្ឌិតណែនាំឱ្យញុំាសាច់ត្រី បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញាជាតិ ញុំាសាប ចៀសវាងអាហារខ្លាញ់ អាហារកែច្នៃ និងហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ។
សូមបញ្ជាក់ថា អត្រាជំងឺស្ត្រូកនេះអាចកើតលើមនុស្សស្រី និងមនុស្សប្រុស ដោយគ្រាន់តែអត្រាខុសគ្នាត្រង់វ័យតែប៉ុណ្ណោះ មនុស្សប្រុសអាចកើតមានច្រើននៅវ័យក្មេងជាង ហើយមនុស្សកើតច្រើននៅពេលចាស់ទៅ។ ហើយបើកើតលើមនុស្សស្រីនៅពេលចាស់ទៅតែងតែមានលក្ខណៈធ្ងន់ធ្ងរ។ បើលោកអ្នកសង្ស័យកើតជំងឺស្ត្រូក និងចង់ពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញអាចធ្វើការទាក់ទងផ្ទាល់តែម្តង(Royal Phnom Penh Hospital)៕